Home > Latest News > ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន

ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន ៥ លានដុល្លារអាមេរិក ក្រោម អធិបតីភាព ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង ឯកឩត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឩត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមាសភាពអញ្ជើញចូលរួមមាន៖
-ឯកឩត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច នងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ
– ឯកឩត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
-ឯកឩត្តម គង់ សោភណ្ឌអភិបាលនៃគណៈអភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឩត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
-ឯកឩត្តមអភិបាលនៃគណៈអភិបាលរងខេត្តតាកែវ
-លោកឩកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប
-ឯកឩត្តម លោកជំទាវ លោក លោកស្រី អភិបាលនៃគណៈអភិបាល អភិបាលរងស្រុក ប្រធានមន្ទី អជ្ញាធរ ជុំវិញខេត្ត
– ប្រជាកសិករសមាជិកសហគមន៍ផលិតស្រូវសរុបប្រមាណជិត៣៥០នាក់
បន្ទាប់ពីបទអន្តរាគមន៍របស់លោកឩកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងអាជ្ញាធរខេត្តរួចមក ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ជម្រាបជូនបងប្អូនសហគមន៍ថា៖
– ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំនៅក្នុងខេត្តកំពង់ស្ពឺដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នៅព្រឹកនេះ ជាសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់តំបន់ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល បន្ទាប់ពីសមិទ្ធិផលឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវែង។
– ឯកឩត្តម កៅ ថាច បានធ្វើការរំលឹកជូនបងប្អូនប្រជាពលរដ្ឋថា កន្លងមកដោយមើលឃើញពីបញ្ហាតំលៃស្រូវនៅលើទីផ្សារមានការធ្លាក់ចុះថ្លៃដោយមិនសមហេតុផល ជាពិសេសកាលពីឆ្នាំ២០១៦ នៅពេលនោះរាជរដ្ឋាភិបាលបានធ្វើការគិតគូយ៉ាងខ្លាំងដើម្បីរកដំណោះស្រាយបន្ទាន់ធ្វើយ៉ាងណាអោយតំលៃស្រូវមានស្ថេរភាពឡើងវិញ។ ភ្លាមៗ ប្រមុខរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ឥណទានពិសេសបន្ទាន់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីទំលាក់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណាដែលមានតម្រូវការឥណទានក្នុងការប្រមូលទិញស្រូវក្នុងតំលៃទីផ្សារ។ ទន្ទឹមនេះជាដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាលបានទំលាក់នូវឥណទានពិសេសបន្ថែមមកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទានជូនក្រុមហ៊ុនឯកជនធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបងមានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ និងនៅ៣តំបន់ផ្សេងទៀតខេត្តកំពង់ធំ តាកែវ និងព្រៃវែង ហើយតំបន់នីមួយៗមានសមត្ថភាពស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសំងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃ។ បន្ទាប់ពីយន្តការណ៍នេះបានដាក់ចេញមកតំលៃស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានតំលៃឡើងវិញពីចន្លោះ ១១៥០រៀល ទៅ១២០០រៀលក្នុងមួយគីឡូក្រាមក្នុងពេលបច្ចុប្បន្ននេះ។ ទន្ទឹមរាជរដ្ឋាភិបាលបានធ្វើការគិតគូរបន្ថែម អំពីការគិតកាត់បន្ថយថ្លៃផលិតស្រូវរបស់បងប្អូនប្រជាកសិករតាមរយ:គម្រោងបង្កើនផលិតភាពផលិតកម្មកសិកម្ម គឺរាជរដ្ឋាភិបាលជួយឧបត្ថម្ភធនលើតម្លៃពូជស្រូវសម្រាប់បងប្អូនប្រជាកសិករប្រមាណ១ ០០០ រៀលក្នុ១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ ៣០០០ រៀល ក្នុង១គីឡូ គឺរាជរដ្ឋាភិបាលរជួយចេញថ្លៃ១០០០ រៀល ហើយកសិករចេញតែ ២០០០ រៀលតែប៉ុណ្ណោះ។
-ដោយឡែកបន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សាសុវត្ថភាពថ្លៃស្រូវសម្រាប់រយៈពេលវែង ដោយក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូនរបស់កសិករមកកាន់ទីផ្សារផងដែរ ការសិក្សាអំពីការត៏ភ្ជាប់ផ្លូវដឹកជញ្ជូនកសិផលផងដែរ។ ជាក់ស្តែងផ្លូវនៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជុលជុល ធ្វើថ្មី កែលម្អឡើងវិញដើម្បីធ្វើការត៏ភ្ជាប់តំបន់ផលិត មកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ ហើយការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ។
-ឯកឩត្តម កៅ ថាច បានធ្វើការស្នើសុំអោយបងប្អូនប្រជាកសិករពិចារណា ងាកមកផលិតស្រូវដែលមានតំលៃលើទីផ្សារ និងមានតម្រូវការច្រើនសម្រាប់ការនាំចេញ។
បន្ថែមពីលើបទអន្តរាគមន៍របស់ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឩត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការគូសបញ្ចាក់ផងដែរថា៖
-មានសន្តិភាព មានគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាមានការអភិវឌ្ឍ វឌ្ឍនៈភាព វិបុលភាព ដូចសព្វថ្ងៃនេះ។ ជាក់ស្តែងសមិទ្ធិផលនៅថ្ងៃនេះសម្រាប់ទឹកដីខេត្តកំពង់ស្ពឺ គឺជាសមិទ្ធផលដែលសម្រេចបាន មិនមែនកើតមានឡើងដោយចៃដន្យ នោះទេ គឺកើតចេញពីការដឹកនំាដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនំារបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្តើមចេញពីចំណុចសូន្យ កម្ពុជាដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ខ្ទេចខ្ទីស្ទើរទំាងស្រុងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត, គ្របដណ្តបដោយភាពក្រីក្រ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ, ឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសនំាអង្ករចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេស ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នំា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទំាង សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ។
-ចំពោះវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការគិតគូយ៉ាងខ្លាំង ក្នុងនោះគ្មានគោលការណ៍ណាមួយអោយយកពន្ធពីប្រជាពលរដ្ឋលើដីផលិតកសិកម្មរបស់បងប្អូនប្រជាកសិករឡើយ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានដាក់ចេញជាគោលនយោបាយដើម្បីលើកស្ទួយវិស័យកសិកម្ម និងលើកកំពស់ជីវភាពរបស់បងប្អូនប្រជាកសិករនៅជនបទ ដោយក្នុងនោះការកសាងប្រពន្ធធារាសាស្ត្រ ផ្លូវលំ ការឩបត្ថមធនលើគ្រាប់ពូជស្រូវ ។ល។ ក៏ជាផ្នែកមួយក្នុងគោលនយោបាយលើកកំពស់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលផងដែរ។ ចំពោះ ជី អគ្គិសនី ក៏ជាផ្នែកមួយដែលរាជរដ្ឋាភិបាលបាននិងកំពុងសិក្សាដើម្បីធ្វើការទំលាក់ថ្លៃ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតរបស់បងប្អូនកសិរ។
-ទន្ទឹមនេះឯកឧត្តម បានស្នើសុំដល់ អាជ្ញាធរមានសមត្ថកិច្ចជុំវិញខេត្ត ត្រូវបន្តការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពប្រជាជនឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ លើសពីនេះ ត្រូវបន្តជួយសម្របសម្រួលការទិញ-លក់ស្រូវ ក៏ដូចជាកសិផលផ្សេងទៀត តាមរយៈការបង្កលក្ខណៈ ងាយស្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករពីទីវាលស្រែ និង/ឬកន្លែងប្រមូលផ្តុំទិញ-លក់ស្រូវ ដែលអាចជានៅសាលាឃុំ ឬកន្លែងផ្សេងទៀត ដែលងាយស្រួលដល់ការប្រមូលផ្តុំទិញ-លក់ស្រូវរបស់បងប្អូនកសិករយើង ។ ការណ៍នេះ ក៏អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់អ្នកប្រមូលទិញស្រូវ, កាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលអាចនឹងជួយបង្កើនផលប្រយោជន៍ដល់ប្រជាកសិករ តាមរយៈការកាត់បន្ថយថ្លៃចំណាយចេញពីវាលស្រែឬកសិដ្ឋានផងដែរ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើរតួនាទីជាប្រតិបត្តិករ នឹងបន្តគំាទ្រនិងជំរុញយន្តការផ្តល់ឥណទានជាទុនបង្វិល ក៏ដូចជាលើទឹកចិត្តដល់វិស័យឯកជនឱ្យពង្រីកឃ្លំាងស្តុក និងឡសម្ងួតស្រូវ ឱ្យបានកាន់តែធំ និងមានលក្ខណៈស្តង់ដារក្នុងការរក្សាទុកស្រូវឱ្យមានគុណភាពល្អ សំដៅធានាបាននូវស្ថិរភាពថ្លៃស្រូវ-អង្ករសម្រាប់បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ-អង្ករគ្រប់គ្រាន់ សម្រាប់បម្រើឱ្យការនំាចេញប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនំាអង្ករចេញ ។
ចុងបញ្ចប់ឯកឩត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឩត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “ឃ្លាំងស្តុកស្រូវទំហំ ១សែនតោន និងឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវ ១៥០០ តោន ក្នុងមួយថ្ងៃ របស់ក្រុមហ៊ុន ខ្មែរហ្វូតគ្រុប ខូអិលធីឌី ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” សម្រាប់ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករ ដែលមានលទ្ធភាពប្រមូលទិញស្រូវមួយភាគធំនៅតំបន់ខេត្តតាកែវចាប់ពីពេលនេះតទៅ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈអធិបតី បានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន ។