Home > Latest News > កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល

កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការណ៍រវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍នបទ និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។
សមាសភាពអញ្ជើញចូលរួមមានវត្តមានសរុបប្រមាណ១៥០រូបក្នុងនោះមាន៖
-លោកជំទាវអភិបាលរងខេត្ត ឡុង ប៊ុណ្ណារ៉េត ជាតំណាងឯកឩត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
-លោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប
-លោកអភិបាលស្រុក រងស្រុក ជុំវិញខេត្ត
-លោកប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-លោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
-លោកប្រធានមន្ទីពាណិជ្ជកម្ម
-តំណាងសហគមន៍កសិកម្មក្នុងខេត្ត
តាមរយៈបទអន្តរាគមន៍របស់ឯកឧត្តម កៅ ថាច ក្នុងកម្មវិធីនេះ ឯកឩត្តម បានផ្តល់ព័ត៍មានមួយចំនួនជូនដល់អង្គពិធី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការទំលាក់នូវកញ្ចប់ឥណទានពិសេសជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ជូនវិស័យឯកជនដើម្បីធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបងមានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង មានលទ្ធភាពស្តុកស្រូវបាន ៥ម៉ឺនតោន និងឡសំងួតស្រូវបាន១៥០០តោនក្នុងមួយថ្ងៃ។ ដូចនេះតាមរយៈរោងម៉ាស៊ីនកិនស្រូវដែលទទួលបានឥណទានពិសេសពីរាជរដ្ឋាភិបាល ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ តំលៃស្រូវរបស់បងប្អូនត្រូវបានធានាទិញតាមតំលៃទីផ្សារ។ ទន្ទឹមនេះដើម្បីរួមចំណែកជួយដល់ការខឹតខំប្រឹងប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់កសិករ ឯកឩត្តម កៅ ថាច បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំ មេត្តាជួយសម្របសម្រួលលើការដឹកជញ្ជូនកសិផលរបស់កសិករដែលនៅឆ្ងាយ និងពុំមានលទ្ធភាពដឹកជញ្ជូនយកមកទីប្រជុំជន។ ដោយឡែកចំពោះតម្រូវការឥណទានដល់សហគមន៍កសិកម្មផលិតស្រូវ ធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់សហគមន៍ក្នុងករណីមានតម្រូវការឥណទាន ធនាគាររីករាយសហការណ៍ផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប។ បន្ថែមលើនេះ ក្រៅពីសហគមន៍ផលិតស្រូវឯកឧត្តម កៅ ថាច ជំរុញអោយសហគមន៍កសិកម្មផ្សេងៗដូចជា បន្លែ ចញ្ចឹមសត្វ នៅក្នុងតំបន់ ក៏ត្រូវបានលើកទឹកចិត្តក្នុងការទទួលឥណទានពីធនាគារអភិវឌ្ឍន៍ជនបទផងដែរ។
ចុងបញ្ចប់ ឯកឩត្តម កៅ ថាច បានឧបត្ថម្ភកំព្យួទ័រចំនួន ៨គ្រឿង ជូនដល់សហគមន៍ចំនួន៨ ដែលជាសមាជិករបស់អង្គការ Hiefer International និងបានស្នើសុំដល់បងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះទាំងអស់គ្នាផងដែរ។